ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងសហការី បានអញ្ចើញចុះពិនិត្យមើលលទ្ធផលនៃការមូលផលដំឡូងបារាំងដែលបាន និងកំពុងធ្វើការសាកល្បងដាំដុះ នៅខេត្តមណ្ឌលគិរី តាមរយៈការខិតខំប្រឹងប្រែងរបស់ សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ស្ថិតនៅក្រុងសែនមនោរម្យ។
បន្ទាប់មកឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងថ្នាក់ដឹកនាំខេត្ត បានចុះពិនិត្យ និងសិក្សាស្វែងយល់អំពីប្រភេទដាំថ្មី(កាកាវ) របស់ក្រុមហ៊ុនកាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។