សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ដើម្បីជួយទ្រទ្រង់វិស័យមនុស្សធម៌


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទីសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ (ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា) ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត តំណាងក្រុមហ៊ុន អាជីវករនានា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងមានចូលរួមពីគណៈប្រតិភូ នៃខេត្តជាប់ព្រំដែន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ ក្នុងពិធីនោះដែរ​ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី​ បានទទួលថវិកាដែលបានចូលរួមពីសប្បុរសជននាពេលនេះចំនួន១០៦.១៥០ដុល្លាអាមេរិក នេះគឺជាសក្ខីភាព បង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលមានតួនាទីជាជំនួយការអោយអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌  របស់ចលនា និងការអភិវឌ្ឍសហគមន៍។