មណ្ឌលគិរី៖ ព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិកាកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តមណ្ឌលគិរី និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តទី៣ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះជួយ ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តមណ្ឌលគិរី គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិកា យុវជន ប្រមាណជា៧១៨នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ ។ ក្រោយចប់ពិធីសំណេះសំណាលក៏បានដង្ហែរក្បួនជុំវិញសួនសម្តេចតេជោសែនកណ្តាលក្រុងសែនមនោរម្យដែលមានអ្នកចូលរួមសរុបចំនួន៧១៨នាក់ រថយន្តចំនួន១៤០គ្រឿងម៉ូតូចំនួន១៨៩គ្រឿង ។