នៅតែប៉ុន្មានខែទៀតទេ ពេលវេលានៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៦ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨នឹងមកដល់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងមួយចំនួន គួរឈប់បន្តសកម្មភាពតាំងខ្លួនឯង ជាអ្នកតំណាងឆន្ទៈពលរដ្ឋទៀត ទៅគួរទុកលទ្ធភាពជូនប្រជាជន ជាអ្នកសម្រេចទៅតាមឆន្ទៈរបស់ខ្លួន។
លោក សុខ ឥសាន បានសរសេរក្នុងបណ្ដាញទំនាក់ទំនង តេលេក្រាម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះថា “មានបញ្ហាជាច្រើន ដែលមជ្ឈដ្ឋានប្រឆាំងមួយចំនួន តែងតែមានចេតនាបន្ទុចបង្អាក់ មិនចង់ការបោះឆ្នោតអាចប្រព្រឹត្តទៅ ដោយរលូន តាមការចង់បានរបស់ប្រជាជនទេ ។ អ្នកខ្លះ បានយកតួនាទីគ្រូហោរា មកក្តាប់ដោយធ្វើការទស្សន៏ទាយ តាមទំនោរនយោបាយរបស់ខ្លួន ថា បើគ្មានវត្តមានបក្សប្រឆាំង ការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និង យុត្តិធ៌មទេ “។
លោក សុខ ឥសាន បានចោទជាសំណួរវិញថា ចុះកាលពីមុនៗ មានវត្តមានបក្សប្រឆាំង ដែលតែងតែធ្វើសកម្មភាពអនាធិបតេយ្យ ហើយការបោះឆ្នោតនៅតែសេរី ត្រឹមត្រូវនិងយុត្តិធ៌ម បាន ? ហើយឥឡូវគ្មានឧបសគ្គទៀត ម៉េចថាមិនសេរី មិនត្រឹមត្រូវ មិនយុត្តិធម៌ ?
លោក សុខ ឥសានបានបកស្រាយបញ្ជាក់ថា “មានអ្នកខ្លះស្មានថា ប្រជាជននឹងមិនមានចំនួនច្រើន ទៅបោះឆ្នោតទេ ដោយសារស្ថានការណ៏នយោបាយ ចង់ឲ្យវិលទៅរកសភាពដូចដើមវិញ ។ តើអ្វីទៅសភាពដូចដើមវិញនោះ ? មិនពិបាកយល់ទេ នៅលើគោកសោះ ទោះជាមិននិយាយចំ ក៏គេអាចយល់បានដែរ ។ពាក្យបង្កប់នេះ សរបញ្ជាក់ឲ្យឃើញថា ទោះបដិវត្តន៏ពណ៌ ត្រូវកម្ទេចចោលរួចហើយ ក៏ដោយ ក៏នៅសេសសល់កាកសំណល់ តិចតួចរបស់វា ដែលបាន និង កំពុងធ្វើសកម្មភាព យ៉ាងមមាញឹក ក្នុងចេតនាចង់យកអតីតមេបក្សប្រឆាំង និងបក្សប្រឆាំង ដែលស្លាប់បាត់ហើយនោះ មកវិញដែរ ។ ប៉ុន្តែឱកាស បានកន្លងផុតហួសទៅហើយ “។
លោក សុខ ឥសាន បានក្រើនរំលឹកថា កាលពីបោះឆ្នោតលើកមុន ប្រជាជនជាង ៩០ ភាគរយ បានចុះឈ្មោះ និង បានទៅបោះឆ្នោត ។ ឧទាហរណ៍ថានៅពេលនោះ បងប្អូន គាំទ្របក្សប្រឆាំង មិនទៅបោះ ក៏នៅសល់អ្នកដែលគាំទ្រ បក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលប់ បានទៅបោះដែរ ។ ការបោះឆ្នោត នឹងនៅតែយកជាបានការដដែល ។ នៅប្រទេសខ្លះ ប្រជាជនបានទៅបោះ ជួនកាលមិនដល់ ៥០ ភាគរយផង តែការបោះឆ្នោតនៅតែត្រូវបានទទួលស្គាល់៕