សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់ព្រះជន្មាយុ៨៣ យាងចូល ៨៤ព្រះវស្សា


ខេត្តមណ្ឌលគិរី​ ៖ នាព្រឹនថ្ងៃអង្គារ៍​ ១រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងជាជំនួយការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៣ យាងចូល ៨៤ព្រះវស្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ យាយជី តាជី យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៣០០នាក់ ។ នៅក្នុងកម្មវិធីនេះដែរ ថ្នាក់ដឹកនាំខេត្ត បានថ្វាយកន្រ្តក់ដល់សម្តេចម៉ែ និងបានវេប្រគេនចង្ហាន់ ស្លាដក និងទេយ្យទានជូនព្រះសង្ឃចំនួន០៩អង្គ ដោយឡែក យាយជី តាជីចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលក្រណាត់ស១ដុំ និងថវិកា៦ម៉ឺនរៀល ថែមទាំងចែកអំណោយមនុស្សធម៌ជូនដល់ជនចាស់ជរា គ្មានទីពឹង ជនពិការ ក្នុងក្រុងសែនមនោរម្យចំនួន១៦គ្រួសារ ក្នុងម្នាក់ៗ ទទួលបានអង្គរ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ឃីត១កញ្ចប់ និងបន្ថែមថវិកា៥ម៉ឺនរៀលផងដែរ៕