ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ជាង៥០០នាក់ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី


មណ្ឌលគិរី​ ៖ ថ្ងៃអាទិត្យ​ ៦រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥១៣នាក់ ដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឈឹម កាន អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី សមាជិក សមាជិកា ស.ស.យ.កខេត្ត/ស.ស.យ.កស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី​ ។