ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី​ ចុះពិនិត្យទីតាំងត្រៀមបង្ការ បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក ក្នុងករណីមានអ្នកជំងឺឆ្លងកូវីដ-១៩


ខេត្តមណ្ឌលគិរី ៖​ ថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត​ បានបញ្ជាក់ថា​ រហូតមកដល់ម៉ោង៥ល្ងាច ក្នុងទឹកដីខេត្តមណ្ឌលគិរី មិនទាន់មានករណីអ្នកជំងឺឆ្លងកូវីដ១៩ទេ​ ក្នុងខណ:ពេលដែលឯកឧត្តមបានដឹកនាំមន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យទីតាំងត្រៀមបង្ការ បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់ដោយឡែក ក្នុងករណីមានអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្រោយកម្ពុជារកឃើញមានអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាត់វិធានការបន្ទាន់លើការពិនិត្យជនបទេស ដែលចេញចូលស្នាក់នៅក្នុងខេត្ត​ មិនត្រឹមតែប៉ុណ្ណោះគ្រប់បណ្តាក្រុងស្រុកទាំង៥របស់ខេត្តមណ្ឌលគិរី ក៏មានការដាក់ពង្រាយមន្ត្រីជំនាញសុខាភិបាលនិងអ្នកពាក់ព័ន្ឋ ដើម្បីត្រួតពិនិត្យលើអ្នកដំណើរចេញចូលក្នុងខេត្ត។ ចំណែកនៅតាមបណ្តាលច្រកទ្វារទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម អាជ្ញាធរបានបញ្ជូនមន្ត្រីចត្កាឡីស័កប្រចាំការជាប់ជាប្រចាំ បើទោះជាពេលនេះច្រកទ្វារទាំងនោះត្រូវបានបិទជាបណ្តោះអាសន្នក៏ដោយ​ ។