ខេត្តមណ្ឌលគិរី៖ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត រួមកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងអាជ្ញាធរស្រុកជាច្រើនរូប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត និងជនចាស់ជរាចំនួន ១០០គ្រួសារ រស់នៅឃុំស្រែខ្ទុម និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីដើម្បីជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត ក្នុងបរិបទនៃជំងឺកូវីដ-១៩។ បន្ទាប់មក ឯកឧត្តម ម៉ែន ង៉ុយ និងឯកឧត្តម ស្វាយ សំអ៊ាង រួមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នៅអនុវិទ្យាល័យស្រែព្រះ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានគេចាត់ទុកជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺដ៏កាចសាហាវនេះ និងដើម្បីឲ្យបើកដំណើរការសាលារៀនឡើងវិញ។ ឯកឧត្តម បានអំពាវនាដល់ឳពុកម្តាយ និងអាណាព្យាបាលទាំងអស់ ដែលមានកូនចាប់ពីអាយុ ៦ឆ្នាំ ដល់១២ឆ្នាំ សូមយកទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក ដែលបានកំណត់ជូនប្រជាពលរដ្ឋ៕