អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងលើកទី១ ដល់កុមារអាយុ ៥ឆ្នាំ នៅក្រុងសែនមនោរម្យ


មណ្ឌលគិរី ៖​ ថ្ងៃច័ន្ទ​ ១១រោច​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ អាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដល់កុមារអាយុ៥ ឆ្នាំ រស់នៅក្រុងសែនមនោរម្យ ដើម្បីការពារកុមារពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងដំណាក់ការនៃការបើកសាលារៀនឡើងវិញទូទាំងប្រទេស។ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារនេះ មានការអញ្ជើញចុះពិនិត្យពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងសែនមនោរម្យ។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ឱពុកម្តាយ និងអាណាព្យាបាល ដែលមានកូនអាយុ ៥ឆ្នាំ សូមនាំកូនៗ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
ខេត្តមណ្ឌលគីរី​​ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៥៩នាក់ ជាសះស្បើយសរុបចំនួន ១៣៧៦ នាក់ អ្នកស្លាប់សរុប ចំនួន ៨នាក់ និង បានចាក់វ៉ាក់សាំងលើកទី២ជូនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង សរុបចំនួន ៣៥០៥០នាក់ ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ សរុបចំនួន ៩២៩៧នាក់ និង ពីអាយុ៦ ឆ្នាំ ដល់១២ឆ្នាំ សរុបចំនួន ៩៧៨២ នាក់៕