អាជ្ញាធរខេត្តមណ្ឌលគិរី ប្រលែងកូនត្រីចំនួន ២ម៉ឺនកូន ចូលក្នុងបឹងធម្មជាតិ ១កន្លែង ក្នុងក្រុងសែនមនោរម្យ


មណ្ឌលគិរី៖ ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥
ត្រូវនឹង២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រលែងកូនត្រី នៅបរិវេណ អាងទឹកទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ ដើម្បីបំផុសចលនាប្រលែងកូនត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការបញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ ទៅនឹងការធ្វើអាជីវកម្មសមស្រប ហើយក៏ត្រូវគិតគូរពីការអភិរក្សជលផល ការដាំដុះព្រៃលិចទឹកឡើងវិញ និងការការពារបរិស្ថានជលផល ដែលនេះគឺជាកិច្ចការដ៏សំខាន់ និងមានតម្លៃសម្រាប់ ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន សម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការធនធានមច្ឆជាតិជាអាហារប្រចាំថ្ងៃ។ ឯកឧត្តម បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរឹង ចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ត្រូវពង្រឹង និងជំរុញដល់សហគមន៍ស្រះជម្រកត្រី ដែលបានបង្កើតហើយ នឹងបន្តបង្កើតបន្ថែមទៀត ឱ្យបានច្រើនក្នុងមូលដ្ឋាន ជាពិសេសជំរុញឱ្យមានកន្លែងអភិរក្សពូជត្រីក្នុងសហគមន៍នីមួយៗ ត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការគ្រប់គ្រងកន្លែងអភិរក្សជលផលឱ្យបានល្អប្រសើរ ត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារចិញ្ចឹមត្រី និងចែករំលែកការងារបច្ចេកទេសទៅវិញទៅមក ការចិញ្ចឹម និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បីបម្រើឱ្យទីផ្សារ និងបង្កើនប្រាក់ចំណូល ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផងដែរ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្ធពិធីប្រលែងត្រីនាពេលនេះ មន្រ្តីជំនាញ បានប្រលែងពូជកូនត្រីឆ្អិនចំនួន ២០.០០០កូន ចូលក្នុងអាងស្តុកទឹកទំនប់លើនេះ និងដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ ឱ្យកាន់តែសម្បូរឡើង។ លោក បន្ថែមថា ចំពោះការអភិរក្សស្រះជម្រកត្រីសហគមន៍ និងសហគមន៍នេសាទឆ្នាំ២០២១នេះ មានសហគមន៍ និងស្រះជម្រកត្រីថ្មីចំនួន ៦ រួមមាន៖ សហគមន៍ស្រះជម្រកត្រីអូរណំ សហគមន៍ស្រះជម្រកត្រីទំនប់អូរយ៉េះ សហគមន៍ស្រះជម្រកត្រីទំនប់ភ្នំក្រោល សហគមន៍ស្រះជម្រកត្រីទំនប់ម្ជូរង៉ា សហគមន៍ស្រះជម្រកត្រីទំនប់ពូរ៉ាង និងសហគមន៍ស្រះជម្រកត្រីត្រពាំងស្រែទួយ។ ដោយឡែក សហគមន៍នេសាទមានចំនួន ០៣ គឺសហគមន៍នេសាទអូរច្បារ សហគមន៍នេសាទកែងណយ និងសហគមន៍នេសាទសែនកញ្ញា ស្ថិតនៅស្រុកកោះញែក ហើយបានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ០២ផងដែរ៕