មណ្ឌលគិរី៖ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង និងចៅសង្កាត់ទាំងបួន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំងបួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅឡើយ ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម មានប្រសាសន៍បន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិច សូមកាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ហើយងាកមកធ្វើការដាំដុះនិងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកំរិតជីវភាពគ្រួសារ និងត្រូវជំរុញដល់កូនចៅឲ្យខិតខំសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ជាពិសេសចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ សូមទៅទទួលការចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកឬមណ្ឌលសុខភាពដោយឥតគិតថ្លៃ និង មិនតម្រូវឲ្យមានឯកសារអ្វីទាំងអស់ ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏យើងត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ២០០នាក់ មកពីសង្កាត់ទាំងបួន ក្នុងក្រុងសែនមនោរម្យ ក្នុងនោះរួមមាន អាវរងា ក្រមា មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងម៉ាស់ផងដែរ ៕