ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន ១០០គ្រួសារ ក្នុងឳកាសខួបលើកទី៤៣ ទិវាជ័យជម្នះ ៧ មករា ២០២២


មណ្ឌលគិរី៖ ដើម្បីបង្កើនភាពស្និតស្នាល និងបានដឹងពីសុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន ដែលកន្លងមកបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ននេះ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមយុវជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារអតីតយុទ្ធជនទាំងអស់ ក្នុងឳកាសអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២២។
ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងមានបញ្ហាផ្សេងៗ ថែមទាំង បានឧបត្ថម្ភថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពផងដែរ។ ឯកឧត្តម បានជំរុញដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត/ក្រុង/ស្រុក ត្រូវបន្តសហការគ្នា ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនដល់មូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខ និងការរស់នៅរបស់ពួកគាត់។ ម្យ៉ាងទៀត ក៏សូមឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ ដាំដុះដាំណាំរួមផ្សំផ្សេងៗ ថែមទាំង ត្រូវថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង ដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ជូនប្រជាពលរដ្ឋ និងត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកឧ.ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថា ត្រឹមខែធ្នូ ឆ្នាំ២០២១នេះ ចំនួនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសរុប ២៩១នាក់ ក្នុងនោះ និវត្តជន ២២៦នាក់ ជនពិការ ៣៦នាក់ ជនបាត់បង់ ០៣នាក់ គ្រួសារពលី ១៧នាក់ និងគ្រួសារមរណៈ ០៨នាក់។ លោកឧ.ទោ បានបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះប្រគល់ថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពចំនួន ១២សព ចុះសួរសុខទុក្ខសមាជិកតាមគេហដ្ឋាន និងជូនអំណោយបានចំនួន ៨គ្រួសារ បានសាង់សង់ផ្ទះចំនួន ០៤ខ្នងផ្ទះ បានសហការជាមួយមន្ទីរសង្គមកិច្ច ចុះប្រគល់ថវិកាធានារ៉ាប់រងសង្គម ជូនគ្រួសារសពចំនួន ០៩គ្រួសារ សហការជាមួយមន្ទីរសុខាភិបាល ចុះចាក់វ៉ាក់សាំងលើកទី១-២ និងទី៣ ជូនអតីតយុទ្ធជន និងគ្រួសារ។
នាឳកាសនោះ ថ្នាក់ដឹកនាំខេត្ត បានផ្តល់សម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួន អាវរងារ និងថវិកា ៥ម៉ឺនរៀល ក្នុងម្នាក់ ជូនអតីតយុទ្ធជន ខេត្តមណ្ឌលគិរី ចំនួន១០០គ្រួសារផងដែរ៕