ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី ទទួលអំណោយក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ


មណ្ឌលគិរី៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញទទួលអំណោយក្រុមសប្បុរសជនមកពីមូលនិធិដាយមិនស៍កម្ពុជា តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិធីប្រគល់ទទួលសម្ភារនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី និងលោក ហ៊ុត កុសល ប្រធាន រួមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារមូលនិធិដាយមិនស៍កម្ពុជា។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏ចាំបាច់ទាំងអស់នេះ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។ ឯកឧត្តម ថង សាវុន បញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលក្រុមការងារយុវជនគណបក្សខេត្ត កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់ សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី សូមជូនពរដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ និងក្រុមការងារទាំងអស់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា សម្ភារជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់នោះ រួមមាន៖ អង្ករចំនួន 5 តោន, មីយើង ចំនួន 250 កេស , ត្រីខ ចំនួន 250 យួរ , Covid-19 Test Kid ចំនួន 1,500 និងថវិកា ចំនួន 10លានរៀលផងដែរ៕