នៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី ប្រារព្វពិធីអបអរសាទរ “ទិវាជាតិ នៃការចងចាំ” ២០ឧសភា


មណ្ឌលគិរី៖ ថ្ងៃសុក្រ ៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ទិវាជាតិ នៃការចងចាំ ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩) គោលបំណង គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សខេត្ត ឯកឧត្តម ចាន់ យឿន តំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន គណបក្សក្រុង/ស្រុក និងសមាជិក សមាជិកាទាំងអស់សាខាបក្សជុំវិញខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម ថង សាវុន បានលើកឡើងបញ្ជាក់ថា ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕