អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី


មណ្ឌលគិរី៖ ថ្ងៃច័ន្ទ ១២ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោក លោកស្រី អភិបាលរងខេត្ត លោក ស្នងការនគរបាលខេត្ត រួមទាំងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ហើយជាថ្ងៃទី១ នៃការប្រឡងបាក់ឌុប គឺដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ ឯកឧត្តម បានបន្ថែមថា ការប្រឡងឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ គឺក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការរឹតបន្តឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មានន័យថា (អ្នកចេះ គឺជាប់)។
តាមការបញ្ជាក់របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២នេះ មានបេក្ខជន បេក្ខនារីសរុបចំនួន ៥៤៣នាក់ ស្រី ២៩៥នាក់ ក្នុងនោះបេក្ខជនជាជនជាតិដើមភាគតិច ១៦៧នាក់ ស្រី ៨៨នាក់ មានមណ្ឌលសរុប ០២ មណ្ឌល និងបន្ទប់សរុប ២៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រសង្គម សរុបចំនួន ៤១២នាក់ ស្រី ២១៣នាក់ ស្មើនឹង ១៨បន្ទប់ ថ្នាក់វិទ្យាសាស្ត្រ សរុបចំនួន ១០៣នាក់ ស្រី ៦៤នាក់ ស្មើនឹង ០៥បន្ទប់ និងគណៈកម្មការមេប្រយោគ ប្រឡងសរុបចំនួន ៧៣នាក់ ស្រី ២៣នាក់។