ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ស្ថិតនៅក្រុងសែនមនោរម្យ


មណ្ឌលគិរី៖ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅការិយាល័យបោះឆ្នោតលេខ០១០៥ ដោយឡែក ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី បោះឆ្នោតនៅការិយាល័យលេខ០១០៦ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌។
តាមការឱ្យដឹងពីលោកប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី ចែកចេញជា៥ក្រុង/ស្រុក ២១ឃុំ/សង្កាត់ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ សរុបចំនួន៤០.៦០៤នាក់ ហើយមានការិយាល័យបោះឆ្នោតសរុបចំនួន១២៧ ការិយាល័យ។ លោកបន្ថែមថា គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងខេត្តមណ្ឌលគិរី មាន១០គណបក្សនយោបាយ
លោកប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី បានបន្ថែមទៀតថា ក្នុងចំណោមគណបក្សនយោបាយទាំង១០នោះ មានតែគណបក្សចំនួន៣ប៉ុណ្ណោះ ដែលដាក់ភ្នាក់ងារសង្កេតមើលដំណើរការបោះឆ្នោត ក្រៅពីនោះ គឺអង្គការ និងសមាគមចំនួន០៧ ដែលមានសមាជិកសរុបចំនួន២០៦នាក់ មកសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងខេត្តមណ្ឌលគិរី រួមមាន៖ សមាគមសម្ព័ន្ធយុវជន មុស្លីមកម្ពុជា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អង្គការសម្ព័ន្ធជនពិការក្រុងសែនមនោរម្យ សហភាពសហព័ន្ធយុវជនកម្ពុជា សហគមគ្រិះស្ថានឧត្តមសិក្សាកម្ពុជា អង្គការថែរក្សាសត្វដំរី និងសមាគមសហព័ន្ធនិស្សិតបញ្ញាវន្តប្រជាធិបតេយ្យ៕