មណ្ឌលគិរី ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត មណ្ឌលគិរី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមរបស់តុលាការដែលបានផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទ “សន្និដ្ឋិភាព ជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវជាមួយបរទេស ដែលបានចាប់ខ្លួន ក្នុងបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ។
សេចក្ដីសម្រេចរបស់តុលាការដែលផ្ដន្ទាទោស ២៧ឆ្នាំ និងទោសបន្ថែមមួយចំនួនក្នុងបទ “សន្និដ្ឋិភាព ជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវជាមួយបរទេស” លើជនជាប់ចោទ កឹម សុខា ដែលធ្វើឡើងនៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នេះ គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីរក្សានូវសណ្ដាប់ធ្នាប់សង្គម និង ពង្រឹងអធិបតេយ្យជាតិ។ ករណីឃុបឃិតគ្នាជាមួយបរទេសសំដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ សន្តិភាពរបស់ប្រទេស ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយការប្រព្រឹត្តនូវសកម្មភាពបែបនេះ គឺជាទោសក្បត់ជាតិដែលមិនអាចលើកលែងបានឡើយ។
គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ប្រឆាំងដាច់ខាតទៅនឹងការជ្រៀតជ្រែកពី បរទេស តាមគ្រប់រូបភាព ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្លាប់បានរងគ្រោះ និងត្រូវបានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដោយសារអំពើបែបនេះកាលពីអតីតកាល។
ជាថ្មីម្តងទៀត គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី សូមប្រកាសគាំទ្រសាលក្រមរបស់តុលាការលើសំណុំរឿងនេះ ដើម្បីជាមេរៀនសម្រាប់ជនដទៃទៀត ដែលមានគោលបំណងទុច្ចរិត ផ្ដួលរំលំរាជរដ្ឋាភិបាល តាមមធ្យោបាយខុសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីរក្សានូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។