រដ្ឋបាលខេត្តមណ្ឌលគិរី បាន​រៀប​ចំពិធីបែបប្រពៃណីតាមទំនៀមជនជាតិដើមភាគតិច នៅលើបូជនីយ៍ដ្ឋានភ្នំដោះក្រមុំ


ខេត្តមណ្ឌលគិរី ៖ ក្នុងឱកាសស្វាគមន៏ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បាន​រៀប​ចំពិធីបែបប្រពៃណីតាមទំនៀមជនជាតិដើមភាគតិច នៅលើបូជនីយ៍ដ្ឋានភ្នំដោះក្រមុំ នាព្រឹកថ្ងៃទី១១ មេសា ២០២៣ ស្ថិត​ក្នុងសង្កាត់សុខ​ដុម ក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ​យ៉ាង​ច្រើ​នកុះករ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៏ថា ជារៀងរាល់ឆ្នាំមុនពិធីបុណ្យចូលឆ្នាំថ្មីមកដល់ អាជ្ញាធរ​បា​នរៀ​ប​ចំ ពិធីកាប់ក្របី សែនស្រា ជ្រូក ថ្វាយដល់អ្នកតាបារមីភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខច​ម្រើនដល់ប្រមុខ​ថ្នាក់ដឹក​នាំនៃ​រា​​ជរដ្ឋាភិ​បាលកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ឲ្យបានសុខសប្បាយ រស់នៅក្រោមដំបូង​សន្តិភាពមា​នសុខដុម​រម​នា​គ្រប់ភូមិ​ឋាន។
បន្ទាប់ពីប្រារព្ឋពិធីសែនក្របីស្រាពាងដល់បារមីអ្នកតាភ្នំដោះក្រមុះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានសំណេះសំណាលជាមួយប​​ង​ប្អូនអ្នកភូមិដែលជួបប្រជុំគ្នានៅជើងភ្នំដោះក្រមុះ រៀបចំកម្មវិធីរំឮកវប្បធម៍ជនជាតិដើមភាគតិច ដោយឯកឧត្តមអភិបាលខេត្ត​មណ្ឌ ល​​គិរី បានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ ត្រូវរៀនអភិវឌ្ឍន៏ខ្លួន អភិវឌ្ឍន៏ចំណេះដឹង និងរស់នៅសម្របជាមួយកា​រវិវត្តន៍នៃ​សង្គ​ម​សម័យឌីជីថល។
​ឯកឧត្តម ថង សាវុន បានជម្រុញដល់អ្នកពាក់ព័ន្ឋ មិនថាអង្គការក្រៅរដ្ឋាភិបាលឬមន្ត្រីរាជការ ត្រូវចូលរួមលើកកម្ពស់​ស្មារតីប្រជាសហគមន៏ជនជាតិដើមភាគតិច បញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់ៗគ្នា បង្កើនការដាំដុះនិងចិញ្ចឹមសត្វ​តាម​លក្ខ​ណៈ​បច្ចេក ដើម្បីជួយជីវភាពគ្រួសារ។
ក្រៅពីការអប់រំ បង្កើនជីវភាពគ្រួសារ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានក្រើនរំឮកដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សា​ប្រពៃណីពីដូនតា ទោះបច្ចុប្បន្នវិទ្យាសាស្ត្រទំនើប បង្កលក្ខណៈងាយស្រួលរស់នៅពិតមែន ប៉ុន្តែប្រពៃណីទំនៀមទំលាប់ យើង​មិនត្រូវបំភ្លេចឡើយ។ព្រោះការរក្សាបាននូវអត្តសញ្ញាណផ្ទាល់នៃជាតិសាសន៏មួយ ក៏ជាផ្នែកទាក់ទាញនូវចំណូលយ៉ាងក្រាស់​ក្រែល តាមរយៈវិស័យទេសចរណ៏ ។
សូមបញ្ជាក់ថា នាថ្ងៃដដែលនេះឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងប្រជាសហគមន៏ជនជាតិដើមភាគតិចព្នង បាន​អញ្ជើញសែនព្រេនរូបសំណាក់រង្វង់មូលថ្មី តាមបណ្តោយផ្លូវភ្លោះ ជិតវិមានឯករាជ្យ ដែលតំណាងដោយ មេទ័ពឈ្មោះ ( ម្ពឹះត្រាង លើង ) ជិះដំរីចូលប្រយុទ្ឋកាលជំនាន់មុនហើយត្រូវបានប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីចាត់ទុក​គាត់​​ជាវីរៈ​បុរស៕