អភិបាលខេត្តមណ្ឌលគិរី និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភថវិកាចំនួន៦០,៨០០,០០០រៀល ជូនដល់រដ្ឋបាលខេត្តក្រចេះ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១០៤៤គ្រួសារ នៅខេត្តក្រចេះ


មណ្ឌលគិរី៖​ ថ្ងៃអង្ការ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨​

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ បានឧបត្ថម្ភថវិកាចំនួន៦០,៨០០,០០០រៀល  ជូនដល់រដ្ឋបាលខេត្តក្រចេះ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ទិញស្បៀង និងសម្ភារៈផ្សេងៗ ក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឱ្យបានទាន់ពេលវេលា​ ពិធីនេះបានប្រព្រឹត្តទៅនៅ​សាលប្រជុំសាលាខេត្តក្រចេះ ដើម្បីជា​ការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជួយសង្រ្គោះ​ប្រជាពលរដ្ឋរងគ្រោះដោយសារទឹក​ជំនន់នៅខេត្តក្រចេះ ដែលជាខេត្តជាប់ព្រំប្រទល់ជាមួយខេត្តមណ្ឌលគិរី​ ។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង​ ស្រុកមួយចំនួនក្នុងខេត្តក្រចេះដែលកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់ និងថ្លែងការកោត​សរសើរដល់ សាខាអនុសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលបានយកចិត្តទុកដាក់គិតគូរ តាមដានជាប់ជាប្រចាំដើម្បីត្រៀមជួយប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេល​ ។ ឯកឧត្តម បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តមណ្ឌលគិរី នាំយកមកប្រគល់ជូនរដ្ឋបាលខេត្តក្រចេះ នាពេលនេះរួមមាន៖ ថវិកាសរុបចំនួន​៦០,៨០០,០០០រៀល ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឧបត្ថម្ភថវិកា២៨,៥០០,០០០រៀល​ និងថវិកា​ ៣២,៣០០,០០០រៀល​ របស់រដ្ឋបាលខេត្តមណ្ឌលគិរី​ ដើម្បីប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រៀវជ្រៅចំពោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាសាខា និងមន្ទីរអង្គភាពក្នុងខេត្ត ដែលបានចំណាយពេលវេលា និងចូលរួមជាថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ជនរងគ្រោះដែលត្រូវការជំនួយ និងឧបត្ថម្ភនានា ដើម្បីឱ្យអាជ្ញាធរខេត្ត រួមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១០៤៤គ្រួសារ នៅក្រុង​ ស្រុកចំនួន៤ក្នុងខេត្តក្រចេះ​ ៕