មណ្ឌលគិរី៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មានលក្ខណៈងាយស្រួល នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដាក់លូប៉ារ៉ាបូល ផ្លូវទៅកាន់ដំរីជាន់ ភូមិពូត្រុំ សង្កាត់រមនា ដោយមានការចូលរួមពីសំណាក់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅ(ភូមិពូត្រុំ ក្រុម៣) សង្កាត់រមនា ក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង ផ្លូវក្រាលកៅស៊ូ ដែលដាក់សម្ពោធបើកការដ្ឋាននាពេលនេះ គឺជាចំណងដៃ និងជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី ជាពិសេស ប្រជាពលរដ្ឋរស់នៅពូត្រុំនេះតែម្តង។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូនេះ ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវឲ្យមានគុណភាពខ្ពស់ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្របតាមដងផ្លូវនេះ ត្រូវចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ក្នុងការជួយសម្រួលដល់ការសាងសង់ផ្លូវនេះ ឲ្យទទួលបានជោគជ័យ។ ម្យ៉ាងទៀត ក៏សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញបំផុសចលនាប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយក៏សូមឲ្យប្រជាពលរដ្ឋ ត្រូវចេះដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីមានជីវភាពល្អប្រសើរ និងត្រូវបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខភិបាល៕