មណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ៥ កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងលោក ថាំង រិទ្ធី ប្រធានសម្របសម្រួលសមាគមយុវជនទិសអាគ្នេយ៍ខេត្ត រួមទាំងក្រុមការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងសែនមនោរម្យ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារ ស្ថិតនៅភូមិពូតាំង និងភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក សាយ ម៉េងគីម និងលោក ថាំង រិទ្ធី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏ដូចជា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលជួបការលំបាក់ និងរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែង ជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារនាពេលនេះ ទទួលបានអំណោយមួយចំនួន ដើម្បីជួយដោះស្រាយក្នុងជីវភាពរស់នៅបានមួយកម្រិត។ លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនជនចាស់ជរា និងគ្រួសារកូនច្រើនចំនួន ៣គ្រួសារនាពេលនេះ រួមមាន អង្ករ៥០គីឡូ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ សារុង និងក្រមា បានថវិកា ១០០.០០០រៀល ដោយឡែក គ្រួសារកូនច្រើន ទទួលបានថវិកា ៣០ម៉ឺនរៀលផងដែរ៕