មណ្ឌលគិរី៖ ថ្ងៃសៅរ៍ ៧ កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរស្រុក និងយុវជនជាច្រើនរូប បានអញ្ជើញចុះដាំដើមក្ងោកតាមសងខាងបណ្ដោយផ្លូវជាតិលេខ ៧៦ ចាប់ពីចំណុចវិទ្យាល័យ ហ៊ុន សែន កែវសីមា ស្ថិតនៅស្រុកកែវសីមា។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា គោលបំណង នៃការដាំក្ងោកនេះ គឺដើម្បីបង្កើនទេសភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍ ព្រម ទាំងឱ្យមានដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់សម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើម។ ឯកឧត្តម បញ្ជាក់ថា ដើម្បីសម្រួលដល់ក្រុមការងារដាំដើមក្ងោកសម្រេចតាមផែនការបានគ្រោងទុក សូមស្នើដល់រដ្ឋបាលស្រុកកែវសីមា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិលេខ ៧៦ ចូលរួមសហការអនុវត្តន៍ឱ្យបានល្អប្រសើរ។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារ ដើមក្ងោកដែលដាំនេះ រួមទាំងធនធានធម្មជាតិ ឲ្យបានល្អប្រសើរ។