មណ្ឌលគិរី៖ ថ្ងៃអង្គារ ២ រោច ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ កក្កដា ២០២៣ នៅក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជម្រុញដល់មន្ត្រីជំនាញ ត្រូវរិះរកកែច្នៃបង្កាត់ពូជឈើ ឬពូជរុក្ខជាតិ ដែលមានតម្លៃ លក់ក្នុងទីផ្សារ ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋដាំដុះជាលក្ខណៈគ្រួសារ ចៀសវាងការចូលព្រៃកាប់បំផ្លាញ ដែលនាំដល់ការបាត់បង់ប្រភពធនធានធម្មជាតិ។ ពិធីនេះដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ យុវជន និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាពូត្រុំ ក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណង ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការគ្រប់គ្រងបរិស្ថាន ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកាន់តែច្រើនឡើង។ ឯកឧត្តម បញ្ជាក់ថា ទឹកដីនៃខេត្តមណ្ឌលគិរី មានអំណោយផលជាខ្លាំង សម្បូរដោយសម្បត្តិធម្មជាតិ អាកាសធាតុល្អ ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចពឹងផ្អែកលើការប្រមូលផលអនុផលព្រៃឈើ ដូចជា រកផ្សិត ជ័រ ផ្តៅ ជាដើម។ ទោះបីជាកត្តាទាំងនេះ អំណោយផលក៏ពិតមែន ឯកឧត្តម ថង សាវុន អភិបាលខេត្ត ចង់កែប្រែទម្លាប់របស់អ្នកភូមិពីការប្រផល អនុផលព្រៃឈើ ពីក្នុងព្រៃមកប្រមូលផលដោយការដាំដុះក្នុងភូមិវិញ ដើម្បីមានជីវភាពល្អប្រសើរ ចៀសវាងប្រឈមបញ្ហាផ្សេងៗ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំមន្រ្តីជំនាញ ត្រូវសិក្សាពីប្រភេទពូជរុក្ខជាតិ ដែលទីផ្សារកំពុងមានតម្រូវការ បង្កាត់ ឬបណ្តុះចែកដល់ប្រជាពលរដ្ឋអាចដាំដុះដោយខ្លួនឯង។ បន្ថែមលើសនេះ ឯកឧត្តម បានសំណូមពរដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ ដែលកំពុងដាំដុះនាពេលនេះ ក៏ដូចជាធនធានធម្មជាតិ នៅក្នុងខេត្តមណ្ឌលគិរី ឱ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោយៗទៀត។ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព ព្រោះរដូវនេះមានភ្លៀងធ្លាក់ច្រើន ងាយកើតជំងឺគ្រុនឈាម គ្រុនចាញ់ និងត្រូវបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យរុក្ខទិវា នៅខេត្តមណ្ឌលគិរីឆ្នាំនេះ បានកំណត់ជ្រើសរើសយកកូនឈើប្រភេទ ស្រល់ ២៤០ដើម, បេង ៣០០ដើម, គគីរ ៨៥០ដើម និងកកោះ ៥០ ដើម សរុបចំនួន ១.៤៤០ ដើម សម្រាប់ដាំដុះលើផ្ទៃដីចំនួន ៣ហិកតា និងចំនួន៣០០ដើម សម្រាប់ចែកចាយក្នុងពិធីបុណ្យរុក្ខទិវានេះផងដែរ៕